សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ពន្ធ​អចលន​ទ្រព្យ​ គឺ​ជា​ពន្ធ​ដែល​ប្រមូល​​ចំពោះ​អចលន​ទ្រព្យ​​ដែល​មាន​តម្លៃ​លើស​ពី១០០​លាន​រៀល និង​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្រ្ត​រដ្ឋបាល​រាជ​ធានី និង​ខេត្ត​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។

ពន្ធ​​អចលន​ទ្រព្យ​ គឺ​ជា​ប្រភេទ​ពន្ធ​ផ្ទាល់​ដែល​តម្រូវ​ឱ្យ​អ្នក​​ជាប់​ពន្ធ​ដែល​ជា​កម្ម​សិទ្ធ​ករ ឬ​អ្នក​កាន់​​កាប់ ​ឬ​អ្នក​ទទួល​ផល​ប្រយោជន៍​​ចុង​​ក្រោយ​មក​ចុះ​បញ្ជី​អចលន​ទ្រព្យ​ និង​ធ្វើ​ការ​ប្រកាស​បង់​ប្រាក់​ពន្ធ​យ៉ាង​យឺត​​បំផុត​ត្រឹម​ថ្ងៃ​ទី​៣០ខែ​កញ្ញា​ជា​រៀង​រាល់​ឆ្នាំ។ ការ​ប្រមូល​ពន្ធ​លើ​អចលន​ទ្រព្យ​នេះគឺ​សម្រាប់​ជា​ផល​ប្រយោជន៍​​​ថវិកា​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​។

កាតព្វ​កិច្ច

អ្នក​ជាប់​ពន្ធ​អាច​ទាញ​យក​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​អចលន​ទ្រព្យ​សម្រាប់​ការ​បង់​ពន្ធ​លើ​អចលន​ទ្រព្យ​ទាញ​យក​​ទម្រង់​សម្រាប់​បំពេញ​នៅ​លើ​គេហទំព័រ​ពន្ធ​ដារ https://www.tax.gov.kh/  ឬ​អាច​យក​ដោយ​ផ្ទាល់​​នៅ​តាម​សាខា​​ពន្ធ​ដារ​ខេត្ត​/ខណ្ឌ​ដោយ​ឥត​គិត​ថ្លៃ​។អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​តិច​ជាង​១០០​លាន​រៀល​ពុំ​មាន​កាតព្វកិច្ច​ចុះ​បញ្ជី​ទេ។​

ឯក​សារ​ភ្ជាប់​សម្រាប់​មក​ចុះ​បញ្ជី​អចលន​ទ្រព្យ​មាន​ដូច​ជា​៖

  • អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សំបុត្រ​កំណើត​ ឬ​លិខិត​ឆ្លង​ដែន​

  • សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ​ ឬ​លិខិត​បញ្ជាក់​ទី​លំនៅ​

  • បណ្ណ​សម្គាល់​កម្ម​សិទ្ធិ ឬ​សិទ្ធិ​កាន់​កាប់​អចលន​វត្ថុ​

  • ក្នុង​ករណី​អចលន​ទ្រព្យ​ទិញ​បង់​រលស់ ម្ចាស់​អចលន​ទ្រព្យ​ត្រូវ​ភ្ជាប់​ជា​មួយ​នូវ​ឯកសារ​កិច្ច​សន្យា​រវាង​អ្នក​ទិញ​ និង​អ្នក​លក់​

បន្ទាប់​ពី​ចុះ​បញ្ជី​អចលន​ទ្រព្យ​រួច​រាល់អ្នក​ជាប់​ពន្ធ​ត្រូវ​​ផ្តល់​ព័ត៌មាន​មក​រដ្ឋបាល​សារពើ​ពន្ធ​ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្តូរ​ដូច​ខាង​ក្រោម​៖

  • ​ដី​ត្រូវ​​បាន​យក​ទៅ​សាង​សង់​ផ្ទះ អគារ ឬ​សំណង់​ផ្សេង​ៗ​

  • ផ្ទះ អគារ ឬ​សំណង់​​ផ្សេង​ៗ ត្រូវ​បាន​សាង​សង់​បន្ថែម ឬ​បន្ថយ ឬ​រំលាយ​ចោល​

  • អចលន​ទ្រព្យ​ត្រូវ​បាន​ផ្លាស់​ប្តូរ​កម្ម​សិទ្ធិ​ករ អ្នក​កាន់​កាប់ ឬ​អ្នក​ទទួល​ប្រយោជន៍​ចុង​ក្រោយ​

  • អចលន​ទ្រព្យ​ត្រូវ​បំបែក​លក់ ឱ្យ​ជា​អំណោយ

Image

មូល​ដ្ឋាន​គិត​ពន្ធ

  • ពន្ធ​លើ​អចលន​ទ្រព្យ​ត្រូវ​បាន​កំណត់​តាម​អត្រា​០,១% នៃ​មូល​ដ្ឋាន​គិត​ពន្ធ​។

  • មូល​ដ្ឋាន​គិត​ពន្ធ​ គឺ​ជា​តម្លៃ​៨០​% តម្លៃ​​អចលន​ទ្រព្យ​ ហើយ​ដែល​អនុញ្ញាត​ឱ្យ​កាត់​បន្ថយ​នូវ​ទឹក​ប្រាក់​ចំនួន​ ១០០,០០០,០០០រៀល​។

  • តម្លៃ​អចលន​ទ្រព្យ​ត្រូវ​កំណត់​ដោយ​គណៈ​កម្ម​ការ​វាយ​តម្លៃ​អចលន​ទ្រព្យ​ទៅ​តាម​អាយុ​កាល​សំណង់​ និង​ប្រភេទ​នៃ​សំណង់​ដោយ​យោង​តាម​តម្លៃ​ទី​ផ្សារ​។

ប្រាក់​ពន្ធ​លើ​អចលន​ទ្រព្យ​ត្រូវ​បង់​= [(តម្លៃ​អចលន​ទ្រព្យ​X ៨០%)- ១០០,០០០,០០០រៀល]X ០,១%

ការ​លើក​លែង​ពន្ធ

  • ​អចលន​ទ្រព្យ​ដែល​ជា​កម្ម​សិទ្ធិ​ របស់​ស្ថាប័ន​រដ្ឋ​ បេសកកម្ម​ការ​ទូត អគ្គ​កុង​ស៊ុល​បរទេស អង្គ​ការ​​អន្តរជាតិ​ ទី​ភ្នាក់​ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​បរទេស

  • ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​

  • អចលន​ទ្រព្យ​ដែល​សាង​សង់​លើ​ដី​ធ្លី​កសិកម្ម​ ដែល​បម្រើ​ផ្ទាល់ និង​​ជា​អចិន្រ្តៃយ៍​​ដល់​សកម្មភាព​កសិកម្ម​

  • អចលន​ទ្រព្យ​រង​គ្រោះ​ដោយ​ករណី​ប្រធាន​សក្តិ​

  • ផ្ទះ​ អគារ​ និង​សំណង់​ដែល​កំពុង​ត្រូវ​បាន​សាង​សង់​តិច​ជាង​ ៨០​% និង​មិន​ទាន់​បាន​ប្រើ​ប្រាស់​

  • អចលន​ទ្រព្យ​ស្ថិត​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​៕

ប្រភព​៖ អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ